|
|
|
|
|
|
ទំព័រដើម > ព័ត៌មាន > ព័ត៌មានប្រចាំខេត្ត
|
| |
|
ខេត្ត ឧត្តរមានជ័យ អបអរខួប១ឆ្នាំ ប្រសាទព្រះវិហារចូលជា សម្បត្តិបេតិកភណ្ឌពីភពលោក |
|
ដោយ គេហទំព័រខេត្តឧត្តរមានជ័យ ថ្ងៃ:២០០៩-០៧-១៤ |
ការដាក់បញ្ជូលប្រាសាទព្រះវិហារជា សម្បត្តិបេតិកភណ្ឌពិភព ជាមោទនភាពរបស់ជាតិខ្មែរពិតៗ ដែលត្រូវបានទទួលស្គាល់នៅ លើឆាកអន្តរជាតិ ហើយមិនអាចជាតិដទៃណាមួយក្លែងបន្លំបានឡើយ ។ មកទល់នឹងថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៩ ជាគំរប់ខួប១ឆ្នាំ គត់ នៃការដាក់បញ្ជូលនេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានរៀបចំពិធីអបអរនៅតាមទីកន្លែងរៀងៗខ្លួន ដោយឡែកខេត្ត ឧត្តរមាន ជ័យ ក៏បានប្រារព្ធនូវពិធីអបអរសាទរនេះ នៅលើសួនច្បារថ្មី ជាប់បឹងស្នោរ ទល់មុខមន្ទីរបក្សខេត្ត ឧត្តរមានជ័យ ក្រោមអធិបតីភាព របស់ ឯកឧត្តម ប៉ិច សុខិន អភិបាល នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ និង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋ ព្រះសង្ឃ ដូនជីតាជី លោកគ្រួអ្នកគ្រូ សិស្សានុសិស្ស ដែលមានចំនួនសរុបប្រមាណជាង៧០០នាក់ ។ ក្នុងពិធីដ៍អធិកអធមនេះ មានការអធិប្បាយអំពីប្រវត្តិសាស្ត្រនៃពង្សាវតារខ្មែរ អមដោយការ ប្រគុំភ្លេងពិនពាទ និងតន្រ្តីសម័យព្រម ទាំង មានការសំដែងរបាំគែន ផង ។ ឯកឧត្តម ប៉ិច សុខិន បានមានប្រសាសន៍ លើកត្រួសៗអំពី កំណកំណើតដ៏យូរលង់របស់ទឹកដីខ្មែរ និងប្រភពកំណើតនៃជនជាតិ សៀម ។ ការវិវត្តន៍ នៃជំលោះខ្មែរ-សៀម ការចូលទន្ទ្រានឈានពានរបស់ប្រទេសសៀម មកលើទឹកដីខ្មែរ និង ភាពបរាជ័យរបស់ ពួកសៀម យ៉ាងអាម៉ាស់នៅលើឆាកអន្តរជាតិ តាំងពីអតីតាល រហូតមកដល់ពេលបច្ចុប្បន្ន ។ ឯកឧត្តម ក៏បានអំពាវនាវ ដល់អង្គពិធី ទាំងមួល ក៏ដូចប្រជាជននៅទូទាំងប្រទេសកម្ពុជា ត្រូវចេះរួបរូមសាមគ្គីគ្នា ដើម្បីការអភិវឌ្ឍន៍ នឹងការពារប្រទេសឲ្យបានរឹងមាំថែមទៀត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ បន្ទាប់ពីបញ្ចប់នូវបទសំណេះសំណាល នៅវេលាម៉ោង ១១.០០នាទី ឯកឧត្តម ប៉ិច សុខិន បានអញ្ជើញវាយស្គរ ដើម្បីចូលរួម អបអរ ខួបមួយឆ្នាំ នៃការដាក់បញ្ចូលប្រសាទព្រះវិហារ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក ហើយអង្គពិធីទាំងមូលបានច្រៀងព្រមគ្នា នូវបទពង្សាវតារខ្មែរ យ៉ាងពិរោះឮសូរអឺងកង ។ គួបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៧ កក្កដា ២០០៩ នេះ នៅតាមវត្តក្នុងខេត្ត ឧត្តរមានជ័យបានទូងស្គរនៅម៉ោង ១១.០០នាទីដូច គ្នា នៅតាមសាលានានា លោកគ្រូរអ្នកគ្រួ និងសិស្សានុសិស្ស បានជួបជុំគ្នារាំលេងកំសាន្ត ដើម្បីអបអរសាទរ និងនៅពេលរាត្រីក៏ មានការរាំកំសាន្តនៅឯសួនថ្មី ផងដែរ ៕
|
|
|
|
|